Wednesday, February 5, 2020

Thursday, March 21, 2019

បុរសរាវលៀស សុំអតីតសង្សាររួមភេទមិនបាន ស្ទុះទាញចង្កូតទូក វាយសម្លាប់ដើម្បីរំលោភ

បុរសរាវលៀស សុំអតីតសង្សាររួមភេទមិនបាន ស្ទុះទាញចង្កូតទូក វាយសម្លាប់ដើម្បីរំលោភ
នគរបាលការិយាល័យព្រហ្មទណ្ឌ​ នៃស្នងការដ្ឋាននគរបាល​ខេត្ដកណ្ដាល សហការ​ជាមួយកម្លាំង​នគរបាល​ស្រុកមុខកំពូល មុខកំពូល ក្រោមការចង្អុល​បង្ហាញរបស់លោកឧត្ដម​សេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាល​ខេត្ដកណ្ដាល ធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត ករណីឃាតកម្ម​សម្លាប់នារីម្នាក់​នៅស្រុកមុខកំពូល កាលពី ១៣ថ្ងៃ​មុន រហូតកំណត់​មុខសញ្ញាបំបែក​សំណុំរឿងចាប់ខ្លួនជន​ដៃដល់ជា​ឃាតករបាន នៅថ្ងៃទី២១ ខែមិនា ឆ្នាំ​២០១៩​ វេលាម៉ោង១០និង០៨នាទី​។

មន្រ្ដីនគរបាលការិយាល័យព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាល​ខេត្ដកណ្ដាលបាន​ឲ្យដឹងថា ឃាតករដែល​ចាប់ខ្លួនឈ្មោះ អន អឿន អាយុ​១៨ឆ្នាំ នៅភូមិ​ក្រោលគោ ឃុំសំបួរមាស ស្រុក​មុខកំពូល ខេត្ត​កណ្តាល មុខរបរ កសិករ និង​រាវលាស ។ ចំណែកនារី​រងគ្រោះ​ដែលត្រូវជនដៃដល់​សម្លាប់ឈ្មោះ ​នូវ ស្រីលាភ អាយុ​១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅ ​ភូមិព្រែកឬស្ស ឃុំសំបួរមាស ស្រុកមុខកំពូល​។

ប្រភពដដែលបន្ដថា ក្រោយពីកម្លាំង​នគរបាល​ទទួលបានព័ត៌មាន​ករណីឃាតកម្ម​សម្លាប់នារីរង​គ្រោះខាងលើ កាលពីថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៩ នៅវេលាម៉ោង១៣​និង៤៧នាទី ភ្លាមនោះកម្លាំង​នគរបាលជំនាញខេត្ដ បានសហការ​ជាមួយកម្លាំងនគរបាល​ស្រុកមុខកំពូល ធ្វើការចុះ​ពិនិត្យ និងកោសល្យវិច្ច័យ​សាកសពនារី​រងគ្រោះ ​រួចបញ្ជាក់ថា ការស្លាប់​របស់នារីរងគ្រោះ​គឺជាអំពើរឃាតកម្ម​។ បន្ទាប់ពីធ្វើការពិនិត្យចប់ កម្លាំង​នគរបាល​ជំនាញខេត្ដ ធ្វើការសហការ​ជាមួយកម្លាំង​ជំនាញស្រុក ដោយមាន​ការចង្អុលបង្ហាញពីលោក​ឧត្ដម​សេនីយ៍​ទោ អ៊ាវ ចំរើន ស្នងការនគរបាល​ខេត្ដកណ្ដាល កម្លាំងជំនាញ​បានធ្វើការស្រាវជ្រាវ​ស៊ើបអង្កេត ត្រឹមរយៈ​ពេល១៣ថ្ងៃ បាន​កំណត់មុខ​សញ្ញាច្បាស់ ឈានដល់​ឃាត់ខ្លួនជនដៃដល់ជា​ឃាតករបាន​នៅថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៩ យក​មកអធិការដ្ឋាននគរបាលស្រុក​ ដើម្បីធ្វើការសាកសួរ​។

នៅចំពោះមុខ​សមត្ថកិច្ចជំនាញ ជនសង្ស័យជាឃាតករ​បានសារភាពថា ខ្លួននិង​នារីរងគ្រោះ​កាលពីជាង​មួយឆ្នាំមុន គឺជា​សង្សារ​នឹងគ្នា តែដោយ​ខ្លួន(ជនសង្ស័យ) គ្មាន​ទូរស័ព្ទប្រើប្រាស់ ក៏ដាច់​ទំនាក់ទំនង​គ្នាតែ​ម្ដងទៅ​។ លុះមកដល់​ថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៩ នៅវលាម៉ោង ១៨ ខ្លួន(ជនសង្ស័យ) បានជិះ​កង់ចេញ​ពីផ្ទះ ទៅសង្កាត់​ព្រែកព្នៅ រាជធានីភ្នំពេញ ក្នុងគោល​បំណងទៅ​រកទិញ​ថ្នាំញៀន ខណះ​ជិះកង់មក​ដល់ចំណុច​គល់ស្ពាន​លីយ៉ុង ផាត់ ព្រែកព្នៅ ក៏បាន​ជួបនារីរងគ្រោះ​កំពុងដើរឆ្លង​កាត់ស្ពាន ​មកត្រើយ​ខាងកើត ដោយធ្លាប់​មានការ​ទំនាក់ទំន​ងគ្នាកាលពីមុន ភ្លាមនោះ​ជនសង្ស័យ បាន​សួរនារី​រងគ្រោះថា ​ទៅណា?

ភ្លាមនោះ​នារីរងគ្រោះ​ឆ្លើយថា ទៅផ្ទះ​នៅភូមិ​ព្រែកឬស ជួយ​ជូនខ្ញុំ ឌុបទៅផ្ទះបាន​ដែរឬអត់? ភ្លាមនោះ​ជនសង្ស័យ​ក៏យល់ព្រម​ឌុប នារីរងគ្រោះ​ទៅផ្ទះវិញ លុះមក​ដល់ចំណុច​កើតហេតុ ជនសង្ស័យ​និងនារីរង​គ្រោះបាន​អង្គុយសារសង​គ្នាមួយ​សន្ទុះធំ ក្រោយមក​ជនសង្ស័យ បាននិយាយ​លួងលោម​សុំរួមភេទ ប៉ុន្តែនារី​រងគ្រោះ​មិនយល់​ព្រមនោះទេ ដែលជា​ហេតុធ្វើឲ្យ​ជនសង្ស័យខឹង ក៏ស្ទុះទៅយក​ឈើចង្កូត​ទូក ដែលនៅ​លើវាល​ស្មៅក្បែរនោះ ​មកវាយនារីរងគ្រោះ​ពីក្រោយ ចំនួន​២ដង បណ្ដាល​ឲ្យនារី​រងគ្រោះដួល​ផ្កាប់មុខ បែក​ឈាម ​បន្ទាប់មក ជនសង្ស័យ ​បានទាញ​ផ្ងារនារី​រងគ្រោះ ហើយ​វាយថែម​ជាច្រើន​ដងទៀត ​លើផ្នែកមុខ និងក្បាល បន្ទាប់មក ជនសង្ស័យ​បានស្រាតខោ​ខ្លីចេញពីខ្លួន ក្នុងបំណង​រំលោភ ដោយ​ឃើញ​មាន​ចេញឈាម​ច្រើនពេក ជនសង្ស័យ​មានការភ័យខ្លាច ក៏ជិះកង់ត្រឡប់​មកផ្ទះវិញ ដោយបន្សល់ទុក​ខោខ្លីនៅកន្លែង​កើតហេតុ ។

ប្រភពដដែលបន្ដ​ទៀតថា លុះព្រឹកឡើង ថ្ងៃទី៨ ខែឆ្នាំដដែល ​វេលាម៉ោង១៣និង៤៧នាទី មានប្រជាពលរដ្ឋ​បានប្រទះឃើញសាក​សពនារីរងគ្រោះ ដេកស្លាប់ក្នុង​ប្រឡាយ ទើបបាន​ជាភ្ញាក់ផ្អើល ប្រជាពល​រដ្ឋជិតខាង និងរាយការណ៍​ជូនសមត្ថកិច្ចប៉ុស្ដិ៍សំបួរមាស ដើម្បីធ្វើការពិនិត្យ​។ ក្រោយពីកម្លាំង​នគរបាលប៉ុស្ដិ៍​ទទួលបាន​ព័ត៌មាន​ខាងលើ ភ្លាមនោះ​ក៏បន្ដរាយការណ៍​ទៅកម្លាំងជំនាញ​ជំនាញស្រុក និងកម្លាំង​ជំនាញខេត្ដ រួចធ្វើការ​ពិនិត្យ និង​កោសល្យវិច្ច័យ ហើយ​បញ្ជាក់ថា ការស្លាប់របស់នា​រីរងគ្រោះគឺស្លាប់​ដោយអំពើរឃាតកម្ម​។

បន្ទាប់ពីធ្វើការ​ពិនិត្យរួច កម្លាំងជំនាញបាន​ធ្វើការសហការគ្នា ស្រាវជ្រាវ ​ស៊ើបអង្កេត រហូតកំណត់​មុខ​សញ្ញាច្បាស់ ចាប់ខ្លួន​ជនដៃដល់​ជាឃាតករ នៅថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៩ វេលា​ម៉ោង១០និង០៨នាទី ដោយត្រឹម​រយះពេល១៣ថ្ងៃ។ បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ត្រូវបានប៉ូលិស​ជំនាញកសាង​សំណុំរឿង បញ្ជូនមក​កាន់ស្នងការដ្ឋានន​គរបាលខេត្ដកណ្ដាល ដើម្បីចាត់​ការបន្ដតាម​នីតិវិធីច្បាប់៕